Friday, September 16, 2011

ផ្លាតុង(Plato 428-347មុនគ.ស)


មានការនិយាយដ៏ល្បីល្បាញមួយថាទស្សនវិជ្ជាបស្ចឹមប្រទេសទាំងមូលជាផ្នែកបន្ថែមលើទស្សនវិជ្ជារបស់ផ្លាតុង។ នេះក៏មកពីស្នាដៃរបស់លោកជារបៀបវារៈមួយដែលធ្វើឲ្យគេតាមដានយកចិត្តទុកដាក់វាជារៀងរហូតមក។
          ផ្លាតុង(Plato) ជាអ្នករិះគិតដ៏មានឥទ្ធិពលនិងប្រឌិតញាណបំផុតម្នាក់ក្នុងទស្សនវិជ្ជាលោក
ខាងលោច។ លោកចាប់កំនើតក្នុងត្រកូលអភិជននៅក្រុងអាថែន។ ឪពុករបស់លោកឈ្មោះអារីស្តុនត្រូវគេជឿថាមានខ្សែស្រលាយមកពីស្តេចនៃក្រុងអាថែនចំនែកម្តាយរបស់លោកជាប់សែសមាជិកសភាម្នាក់តាំងពីទស្សវត្សទី៦មុនគ.ស។ ឪពុករបស់លោកបានស្លាប់តាំងពីលោកនៅក្មេងហេតុនេះម្តាយរបស់លោកបានរៀបការប្តីថ្មីដែលជាប់ខ្សែស្រលាយរដ្ឋបុរសភែរិគ្លីស។ ផ្លាតុងមានមហិច្ឆតានយោបាយតាំងពីនៅយុវវ័យតែលោកបានស្រងាកចិត្តយ៉ាងខ្លាំងដោយពួកមេដឹកនាំនយោបាយនៅអាថែន។ នៅទីបំផុតលោកបានក្លាយជាសាវ័ក របស់សូក្រាតដោយទទួលយកទស្សនវិជ្ជាជាមូលដ្ឋានរបស់សូក្រាត និងស្ទីលជជែកពិភាក្សាតាមបែបវិចារវិទ្យា។ លោកបានស្វែងរកការពិតតាមរយះសំនួរ ចំលើយ និងការជជីកសួរបន្ថែមជាបន្តបន្ទាប់។ ផ្លាតុងបានធ្វើជាសាក្សីនៃការស្លាប់របស់សូក្រាតក្នុងដៃលទ្ធិប្រជាធិបតេយ្យក្រុងអាថែននៅឆ្នាំ៣៩៩មុនគ.ស។ ប្រហែលជាភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួនលោកបានចាកចេញពីក្រុងអាថែនជាបណ្តោះអាសន្ននិងធ្វើដំនើរទៅកាន់អ៊ីតាលី ស៊ីស៊ីលី និងអេហ្ស៊ីប។
          នៅឆ្នាំ៣៨៧មុនគ.សផ្លាតុងបានបង្កើតសាលាអាកាដឹមិកនៅក្រុងអាថែនជាស្ថាប័នដែលគេច្រើនតែពិពណ៌នាថាជាសាកលវិទ្យាល័យដំបូងគេនៅអឺរ៉ុប។ វាផ្តល់មុខវិជ្ជាល្អិនល្អន់រួមមានតារាសាស្រ្ត ជីវសាស្រ្ត គណិតសាស្រ្ត ទ្រឹះស្តីនយោបាយ និងទស្សនវិជ្ជា។ អារីស្តូតជាសិស្សលេចធ្លោជាងគេរបស់សាលានេះ។
          នៅក្នុងការស្វែងរកឱកាសដើម្បីច្របាច់បញ្ចូលទស្សនវិជ្ជាជាមួយនយោបាយជាក់ស្តែង ផ្លាតុងបានទៅស៊ីស៊ីលីនៅឆ្នាំ៣៦៧ដើម្បីបង្រៀនមេដឹកនាំថ្មីរបស់ស៊ីរ៉ាគ្យូសអំពីសិល្បៈនៃការគ្រប់គ្រងតាមបែបទស្សនវិជ្ជាតែកិច្ចការនេះបរាជ័យ។ លោកបានធ្វើដំនើរទៅស៊ីរ៉ាគ្យូសម្តងទៀតនៅឆ្នាំ៣៦១ តែជាថ្មីទៀតការងាររបស់លោកទទួលបានជោគជ័យតិចតួច។ នៅបណ្តាឆ្នាំចុងក្រោយនៃជីវិតរបស់លោក ផ្លាតុងបានចំនាយលើការបង្រៀននៅអាកាដឹមិក និងការសរសេរ។          មកទល់ត្រឹមផ្លាតុងគ្មានទស្សនវិទូណាបានបន្សល់ទុកស្នាដៃជាសំនេរទេ។ ដូច្នេះអ្វីដែលយើងដឹងអំពីគេចេញមកពីការនិយាយយោង ឬការដកស្រង់សម្តីនៅក្នុងសំនេររបស់អ្នករិះគិតក្រោយៗមកដែលបានស្គាល់ពួកគេ ឬស្នាដៃរបស់គេ។ ការនិយាយយោង ឬសម្រង់សម្តីខ្លះតែនៅតែមិនគ្រប់គ្រាន់ និងមិនថ្មី។ សូក្រាតក៏ពុំបានសរសេរអ្វីទាល់តែសោះហើយទាល់តែតាមរយះការសរសេររបស់អ្នកដទៃទើបយើងបានដឹងអ្វីមួយអំពីលោក។
ប្រភពសំខាន់មួយអំពីសូក្រាតគឺផ្លាតុងដែលជាសិស្សម្នាក់របស់លោក។ ផ្លាតុងជាទស្សនវិទូបស្ចឹមប្រទេសដមបូងគេម្នាក់ដែលបានសរសេរ និងបន្សល់ទុកស្នាដៃទាំងស្រុង។ ជាមួយនិងគ្រូរបស់គាត់ មានមនុស្សជាច្រើនដែលចាត់ទុកគាត់ជាកំពូលទស្សនវិទូនៃគ្រប់សម័យកាល។ លោកបានស្លាប់នៅអាយុប្រមាណ៨០ឆ្នាំនៅអាថែន នៅឆ្នាំ៣៤៨ ឬ៣៤៧មុនគ.ស។
« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ភាគ១ ដោយ កែវ សំណាង ឆ្នាំ២០០៧ »

No comments:

Post a Comment