ទស្សនវិទូដែលប្រហែលជាល្បីល្បាញបំផុតក្នុងចំនោមទស្សនវិទូសម័យមុនសូក្រាតគឺ ពីតាហ្គ័រ(Phythagorus)។ លោកបានកើតនៅសាម៉ូសជាកោះនៅឯនាយឆ្នេរដែលបណ្តាទស្សនវិទូមុនៗបានរស់នៅ។ គេថាដោយសារការជិនឆ្អន់ជាមួយភាពផ្តាច់ការរបស់ស្តេចប៉ូលីក្រាត គាត់បានចេញពីសាម៉ូសទៅរស់នៅក្រូតូណាទឹកដីអាណានិគមក្រិចនៅអ៊ីតាលីខាង ត្បូង។ នៅទីនោះលោកបានបង្កើតចលនាមួយជាមួយនិងបំនងសាសនា នយោបាយ និងទស្សនវិជ្ជាដែលគេស្គាល់ថាជាសាលាពីតាហ្គ័រនិយម។
ពីតាហ្គ័ររស់នៅចាប់ពីប្រហែលឆ្នាំ៥៧០មុនគ.ស រហូតដល់ប្រហែលឆ្នំា ៤៩៧មុនគ.ស។ លោកមានទេពកោសល្យច្រើនផ្នែក ហើយទេពកោសល្យលេចធ្លោមួយរបស់លោកនៅក្នុងគណិតវិទ្យាដែលសិស្សរៀនសព្វថ្ងៃគឺ ទ្រឹស្តីបទពីតាហ្គ័រ ដែលអះអាងថា « ការ៉េនៃអ៊ីប៉ូតេ នុស ស្មើនិងផលបូកការ៉េនៃជ្រុងពីរទៀត » ។ គឺរូបលោកដែលបានដាក់ចេញគំនិត « ការ៉េ » និង « ត្រីគុណ » នៃចំនួនមួយដើម្បីឲ្យគេយកទស្សនាទានរេខាគណិត ទៅប្រើក្នុងគណិត សាស្រ្ត។
លោកជាមនុស្សដែលគេគិតថាបានប្រឌិតបង្កើតពាក្យ ទស្សនវិជ្ជា និងជាមនុស្សតំបូង គេដែលប្រើពាក្យ លោកធាតុ ចំពោះសកលលោកហើយឥទ្ធិពលផ្ទាល់របស់លោកមានតមក អស់រយះពេលច្រើនជំនាន់។ លោកជាកំពូលអ្នករិះគិតដំបូងដែលបានធ្វើឲ្យគណិតវិទ្យាមានសម្ព័ន្ធជាមួយទស្សនវិជ្ជា។
ពីតាហ្គ័របានបង្កើតចំនួនលេខមុនគេក្រោយការរកឃើញថាទំនាក់ទំនងរវាងសម្លេង តន្រ្តីអាចបង្ហាញជាអនុបាត។ ក្នុងចំនោមការស៊ើបអង្កេតគណិតសាស្រ្តល្អិតល្អន់បំផុតរបស់ពួកដើរតាមពីតាហ្គ័រគឺការសិក្សាអំពីលេខគត់ និងសេសព្រមទាំងចំនួនគត់និងការ៉េ។ ចេញពីគោលគំនិតនេះ ពួកគេបានអភិវឌ្ឍន៏ទស្សនាទានលេខដែលសំរាប់ពួកគេ វាជាគោលការណ៏ផ្តាច់ព្រ័ត្រនៃរាល់សមាមាត្រលំដាប់និងភាពសុខដុមនៅក្នុងសកលលោក។ តាមរយះការសិក្សាដូច្នេះពួកគេបានបង្កើតមូលដ្ឋានវិទ្យាសាស្រ្តមួយសំរាប់គណិតសាស្រ្ត។ ក្នុងរេខា គណិតរបកគំហើញធំបំផុតរបស់សាលានេះគឺ ទ្រឹស្តីអ៊ីប៉ូតេនុស ឬទ្រឹស្តីបទពីតាហ្គ័រ។
ខាងតារាសាស្រ្ត ពួកដើរតាមពីតាហ្គ័របានបង្កើតការឈានមុខដ៏សំខាន់មួយទាក់ទងនឹងការគិតបែបវិទ្យាសាស្ត្រនាសម័យបុរាណនោះ។ ពួកគេជាអ្នកគិតដំបូងគេដែលថាផែនដីមានរាងមូលវិលជាមួយភពដទៃជុំវិញភ្លើង (ព្រះអាទិត្យ)ដែលស្ថិតនៅចំកណ្តាល។
« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ដោយ កែវ សំណាង ឆ្នាំ២០០៧ »


No comments:
Post a Comment