អារីស្តូតជាស្ថាបនិកនៃវិធីសាស្ត្រទស្សនវិជ្ជាមួយដែលចាប់ផ្តើមពីការសង្កេត និងបទពិសោធន៏មុនគំនិតអរូបិយ ដូចផ្លាតុងដែរដែលលោកជាសិស្សរបស់សូក្រាតដូចច្នេះអារីស្តូតជាសិស្សរបស់ផ្លាតុង។ លោកជាគ្រូរបស់អាឡិចហ្សង់ឌ័រ ឌឺ ក្រិត ហេតុនេះហើយវាមានការបន្តចំនេះដឹងដោយផ្ទាល់ឆ្លងកាត់មេដឹកនាំប្រវត្តិសាស្ត្រសំខាន់ៗ៤ជំនាន់។ ឪពុករបស់អារីស្តូតជាគ្រូពេទ្យរបស់ស្តេចម៉ាសេដ័នដែលក្រោយមកបានតែងតំាងអារីស្តូតឲ្យធ្វើជាគ្រូរបស់អាឡិចហ្សង់ឌ័រ ជាបុត្ររបស់ស្តេចហ្វីលីពរបស់ម៉ាសេដ័ន។ អារីស្តូតកើតនៅទីក្រុងស្តាហ្គីរ៉ាសនៅឆ្នាំ៣៨៤មុនគ.ស។ ឪពុករបស់លោកបានទទួលអនិជ្ជកម្មនៅពេលលោកនៅក្មេងនៅឡើយ ហេតុនេះលោកត្រូវបានអ្នកយាមម្នាក់ចិញ្ចឹម និងបានបញ្ជូនលោកទៅកាន់ទីក្រុងអាថែនពេលលោកមានអាយុ១៧ឆ្នាំដើម្បីឲ្យរៀននៅសាលាបណ្ឌិតសភារបស់ប្លាតុង។ អារីស្តូតបានស្ថិតនៅក្នុងសាលាបណ្ឌិតសភានេះអស់ប្រមាណម្ភៃឆ្នាំ។ ក្រោយមកទៀតនៅក្នុងជីវិតរបស់លោកប្រហែលជានៅឆ្នាំ៣៣៥អារីស្តូតបានបង្កើតសាលាផ្ទាល់មួយរបស់លោកនៅទីក្រុងអាថែនឈ្មោះថាលីសិម។ លោកបានស្លាប់នៅឆ្នាំ ៣២២មុនគ.សនៅអាយុ៦២ឆ្នាំ។
អារីស្តូតបានទទួលស្គាល់ទេពកោសល្យរបស់ប្លាតុងទាំងស្រុង និងការជាប់ជំពាក់ពាក់ព៏ន្ធរបស់លោកចំពោះប្លាតុងតែបានបដិសេធចោលអ្វីដែលជាគ្រឹះនៃទស្សនវិជ្ជារបស់គ្រូរបស់ លោក ពោលគឺគំនិតដែលថាមានពិភពពីរ។ ដូចយើងបានដឹងហើយថាប្លាតុងបានបង្រៀនថានៅក្នុងពិភពដែលផ្លាស់ប្តូររហូត នៅចំពោះញាណរបស់យើងនេះវាគ្មានពុទ្ធិគួរឲ្យជឿទុកចិត្តបានទេ។ លោកបាននិយាយថាវត្ថុដែលជាពុទ្ធិពិតស្ថិតតាំងនៅក្នុងពិភពមួយទៀតដែលជាផ្នែកអរូបិយដោយមិនអាស្រ័យទៅនឹងអាកាសទេ ហើយមានតែអ្នកមានបញ្ញាខ្ពស់ទើបអាចយល់ដឹងវាបាន។ ចំពោះអារីស្តូតវិញវាមានតែពិភពមួយទេដែលយើងអាចធ្វើទស្សនវិជ្ជាថាវាជាពិភពដែលយើងកំពុងរស់នៅនិងទទួលបទពិសោធន៏នេះឯង។ ចំពោះលោកវាជាពិភពដែលគួរឲ្យចាប់ចិត្តនិងគួរឲ្យងឿងឆ្ងល់មិនចេះចប់។ តាមពិតលោកមានជំនឿថាដោយសារវិញ្ញាណងឿងឆ្ងល់នេះទើបធ្វើឲ្យមនុស្សចេះគិតគូរ និងពិភាក្សា និងលៃលករកការពិតតាមបែបទស្សនវិជ្ជា។ ជានេះទៅទៀតអារីស្តូតមិនជឿថាយើងអាចរកឃើញមូលដ្ឋានរឹងមាំណាមួយនៅក្រៅពិភពលោកដែលយើងកំពុងឈរពីលើនេះទេ។ អ្វីក៏ដោយដែលនៅក្រៅបទពិសោធន៏របស់យើងពុំស្ថិតនៅក្នុងអារម្មណ៏របស់យើងទេ។ យើងគ្មានវិធីត្រឹមត្រូវសំរាប់និយាយដល់វា ឬជជែកអំពីវាទេពីព្រោះវាពុំអាចផ្តល់ហេតុផលត្រឹមត្រូវសំរាប់យើងអះអាង។ ចេញពីចំនុចនេះអារីស្តូតបានប្រកាសចោលឧត្តមគតិរបស់ប្លាតុង។
« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ភាគ១ ដោយ កែវ សំណាង ឆ្នាំ២០០៧ »
No comments:
Post a Comment