Monday, September 19, 2011

ហាត់ប្រាណដើម្បីព្យាបាលរោគមហារីក


កន្លងមកអ្នកជំងឺដែលកំបុងព្យាបាលរោគមហារីកត្រូវបានគេណែនាំឲ្យឆ្លៀតពេលសម្រាកឲ្យបានច្រើន និងជៀសវាងការប្រើប្រាស់កំលាំងខ្លាំងដើម្បីស្តុកទុកកំលាំងទប់ទល់និងរោគមហារីក។ ក៏ប៉ុន្តែខណៈពេលនេះគណកម្មាការនៃ American College of Sport Medicineបានផ្លាស់ប្តូរគោលការណ៏ជាថ្មីគឺណែនាំឲ្យអ្នកជំងឺនិងអ្នករួចរស់ជីវិតពីរោគមហារីកព្យាយាមហាត់ប្រាណឲ្យបាន៥០នាទីក្នុងមួយសប្តាហ៏ដូចគ្នានឹងមនុស្សធម្មតាទូទៅដែរ។
  ប្រយោជន៏ពីការហាត់ប្រាណដែលអ្នកកើតជំងឺមហារីកទទួលបានគឺបន្ថែមឱកាសនៃការរួចរស់ជីវិត។ ការហាត់ប្រាណនេះក៏អាចធ្វើរាងកាយធន់ពីការប៉ះពាល់ដែលកើតចេញពីការប្រើគីម៉ូ និងការប្រើកាំរស្មីដូចជាជួយឲ្យអ្នកកើតរោគមហារីកសុដន់ អាចធ្វើគីម៉ូបានគ្រប់ចំនួន។
          ក្រៅពីនេះការហាត់ប្រាណក៏នៅមានប្រយោជន៏ដល់អ្នកកើតរោគមហារីកថែមទៀតផងដូចជាជួយឲ្យការអស់កំលាំងមានកំរិតកាន់តែតិចផងដែរ។ គេរកឃើញថាការហាត់ប្រាណតាមរបៀបអេរ៉ូទិកអាចជួយកាត់បន្ថយការប្រើប្រាស់ឱសថដើម្បីជួយបង្កើនការផលិតកោសិកា គ្រាប់ឈាមក្រហមដែលត្រូវបំផ្លាញក្រោយពេលប្រើគីម៉ូ។ បរិមាណគ្រាប់ឈាមក្រហមធ្លាក់ចុះនេះឯងដែលបង្ករឲ្យមានអាការៈអស់កំលាំង៕
« ដកស្រង់ចេញពីទស្សនាវដ្តី អប្សារា ឆ្នាំទី០៩ លេខ១៤៣ ថ្ងៃ១៥-២៤ កញ្ញា ២០១១ »

តើអ្វីជាជំងឺគ្រុនផ្តាសសាយ?


        ជំងឺគ្រុនផ្តាសសាយជាជំងឺមួយប្រភេទដែលតែងតែជួប្រទះ និងកើតឡើងជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃរបស់យើងព្រោះវាបង្ករឡើងដោយវីរុសដែលរស់នៅជុំវិញខ្លួនយើង។ ជាទូទៅគេសង្កេតឃើញថាជំងឺនេះកើតមានច្រើននៅរដូវភ្លៀងធ្លាក់ រដូវរងារ និងពេលមានអាកាសធាតុប្រែប្រួល ពិសេសនៅពេលប្រព័ន្ធការពាររាងកាយចុះខ្សោយ។
        មានវីរុសជាង២០០ប្រភេទដែលជាប្រភពបង្ករជំងឺពិសេសវីរុសនៅតាមផ្លូវដង្ហើមផ្នែកខាងលើ។ កត្តាខាងក្រៅក៏រួមចំនែកយ៉ាងសំខាន់ក្នុងការចំលងមេរោគផ្តាសាយទាំងនោះបានដែរដូចជាការនៅជាមួយអ្នកកើតជំងឺផ្តាសាយ តាមរយះក្អកកណ្តាស់ ដៃមិនស្អាត ប៉ះពាល់ជាមួយកោសិការភ្នែក ច្រមុះ មាត់​និងការសម្រាកមិនគ្រប់គ្រាន់ រាងកាយចុះខ្សោយ។ 
        ចំពោះរោគសញ្ញាជំងឺផ្តាសាយរួមមាន ក្តៅខ្លួន ឈឺក្បាល តឹងច្រមុះ ហៀរសំបោរ និងឈឺចាប់ខ្លួនប្រាណ ឈឺបំពង់ករ មានអារម្មណ៏នឿយហត់ មិនសូវឃ្លានអាហារ។ ការថែរក្សារ សុខភាពពិតជាមានសារៈសំខាន់ណស់សំរាប់ទប់ទល់ជាមួយពពួកមេរោគដែលបង្ករឲ្យមានជំងឺគ្រុនផ្តាសសាយ។
          ការព្យាបាលជំងឺផ្តាសាយ
 ដោយសារផ្តាសាយជាជំងឺដែលបង្ករដោយវីរុសឆ្លងយើងគួរតែព្យាបាលទៅតាមរោគសញ្ញានៃជំងឺដូចជាៈ

  • សម្រាកឲ្យបានច្រើន ញាំអាហារឲ្យបានគ្រប់គ្រាន់ ពិសារទឹកឲ្យបានច្រើន ដើម្បីបំប៉នប្រព័ន្ធការពាររាងកាយឲ្យបានរឹងមាំ។
  •   ប្រើថ្នាំសំរាប់បំបាត់គ្រុនក្តៅ តឹងច្រមុះ និងហៀរសំបោរ ពិសេសឱសថដែលមានរូបមន្តគ្រប់គ្រាន់ និងមានប្រសិទ្ធិភាពក្នុងការបំបាត់រោគសញ្ញាទាំងនេះ។

« ដកស្រង់ចេញពីទស្សនាវដ្តី ខ្មែរអប្សរា ឆ្នាំទី០៩ លេខ១៤៣ ចេញផ្សាយថ្ងៃទី១៥-២៤កញ្ញា ២០១១ »

អារីស្តូត (៣៨៤-៣២២ មុនគ.ស)

អារីស្តូតជាស្ថាបនិកនៃវិធីសាស្ត្រទស្សនវិជ្ជាមួយដែលចាប់ផ្តើមពីការសង្កេត និងបទពិសោធន៏មុនគំនិតអរូបិយ ដូចផ្លាតុងដែរដែលលោកជាសិស្សរបស់សូក្រាតដូចច្នេះអារីស្តូតជាសិស្សរបស់ផ្លាតុង។ លោកជាគ្រូរបស់អាឡិចហ្សង់ឌ័រ ឌឺ ក្រិត ហេតុនេះហើយវាមានការបន្តចំនេះដឹងដោយផ្ទាល់ឆ្លងកាត់មេដឹកនាំប្រវត្តិសាស្ត្រសំខាន់ៗ៤ជំនាន់។ ឪពុករបស់អារីស្តូតជាគ្រូពេទ្យរបស់ស្តេចម៉ាសេដ័នដែលក្រោយមកបានតែងតំាងអារីស្តូតឲ្យធ្វើជាគ្រូរបស់អាឡិចហ្សង់ឌ័រ ជាបុត្ររបស់ស្តេចហ្វីលីពរបស់ម៉ាសេដ័ន។ អារីស្តូតកើតនៅទីក្រុងស្តាហ្គីរ៉ាសនៅឆ្នាំ៣៨៤មុនគ.ស។ ឪពុករបស់លោកបានទទួលអនិជ្ជកម្មនៅពេលលោកនៅក្មេងនៅឡើយ ហេតុនេះលោកត្រូវបានអ្នកយាមម្នាក់ចិញ្ចឹម និងបានបញ្ជូនលោកទៅកាន់ទីក្រុងអាថែនពេលលោកមានអាយុ១៧ឆ្នាំដើម្បីឲ្យរៀននៅសាលាបណ្ឌិតសភារបស់ប្លាតុង។ អារីស្តូតបានស្ថិតនៅក្នុងសាលាបណ្ឌិតសភានេះអស់ប្រមាណម្ភៃឆ្នាំ។ ក្រោយមកទៀតនៅក្នុងជីវិតរបស់លោកប្រហែលជានៅឆ្នាំ៣៣៥អារីស្តូតបានបង្កើតសាលាផ្ទាល់មួយរបស់លោកនៅទីក្រុងអាថែនឈ្មោះថាលីសិម។ លោកបានស្លាប់នៅឆ្នាំ ៣២២មុនគ.សនៅអាយុ៦២ឆ្នាំ។
អារីស្តូតបានទទួលស្គាល់ទេពកោសល្យរបស់ប្លាតុងទាំងស្រុង និងការជាប់ជំពាក់ពាក់ព៏ន្ធរបស់លោកចំពោះប្លាតុងតែបានបដិសេធចោលអ្វីដែលជាគ្រឹះនៃទស្សនវិជ្ជារបស់គ្រូរបស់ លោក ពោលគឺគំនិតដែលថាមានពិភពពីរ។ ដូចយើងបានដឹងហើយថាប្លាតុងបានបង្រៀនថានៅក្នុងពិភពដែលផ្លាស់ប្តូររហូត នៅចំពោះញាណរបស់យើងនេះវាគ្មានពុទ្ធិគួរឲ្យជឿទុកចិត្តបានទេ។ លោកបាននិយាយថាវត្ថុដែលជាពុទ្ធិពិតស្ថិតតាំងនៅក្នុងពិភពមួយទៀតដែលជាផ្នែកអរូបិយដោយមិនអាស្រ័យទៅនឹងអាកាសទេ ហើយមានតែអ្នកមានបញ្ញាខ្ពស់ទើបអាចយល់ដឹងវាបាន។ ចំពោះអារីស្តូតវិញវាមានតែពិភពមួយទេដែលយើងអាចធ្វើទស្សនវិជ្ជាថាវាជាពិភពដែលយើងកំពុងរស់នៅនិងទទួលបទពិសោធន៏នេះឯង។ ចំពោះលោកវាជាពិភពដែលគួរឲ្យចាប់ចិត្តនិងគួរឲ្យងឿងឆ្ងល់មិនចេះចប់។ តាមពិតលោកមានជំនឿថាដោយសារវិញ្ញាណងឿងឆ្ងល់នេះទើបធ្វើឲ្យមនុស្សចេះគិតគូរ និងពិភាក្សា និងលៃលករកការពិតតាមបែបទស្សនវិជ្ជា។ ជានេះទៅទៀតអារីស្តូតមិនជឿថាយើងអាចរកឃើញមូលដ្ឋានរឹងមាំណាមួយនៅក្រៅពិភពលោកដែលយើងកំពុងឈរពីលើនេះទេ។ អ្វីក៏ដោយដែលនៅក្រៅបទពិសោធន៏របស់យើងពុំស្ថិតនៅក្នុងអារម្មណ៏របស់យើងទេ។ យើងគ្មានវិធីត្រឹមត្រូវសំរាប់និយាយដល់វា ឬជជែកអំពីវាទេពីព្រោះវាពុំអាចផ្តល់ហេតុផលត្រឹមត្រូវសំរាប់យើងអះអាង។ ចេញពីចំនុចនេះអារីស្តូតបានប្រកាសចោលឧត្តមគតិរបស់ប្លាតុង។
« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ភាគ១ ដោយ កែវ សំណាង ឆ្នាំ២០០៧ »

Friday, September 16, 2011

ពីតាហ្គ័រ (Phythagorus)

ទស្សនវិទូដែលប្រហែលជាល្បីល្បាញបំផុតក្នុងចំនោមទស្សនវិទូសម័យមុនសូក្រាតគឺ ពីតាហ្គ័រ(Phythagorus)។ លោកបានកើតនៅសាម៉ូសជាកោះនៅឯនាយឆ្នេរដែលបណ្តាទស្សនវិទូមុនៗបានរស់នៅ។ គេថាដោយសារការជិនឆ្អន់ជាមួយភាពផ្តាច់ការរបស់ស្តេចប៉ូលីក្រាត គាត់បានចេញពីសាម៉ូសទៅរស់នៅក្រូតូណាទឹកដីអាណានិគមក្រិចនៅអ៊ីតាលីខាង   ត្បូង។ នៅទីនោះលោកបានបង្កើតចលនាមួយជាមួយនិងបំនងសាសនា នយោបាយ និងទស្សនវិជ្ជាដែលគេស្គាល់ថាជាសាលាពីតាហ្គ័រនិយម។
          ពីតាហ្គ័ររស់នៅចាប់ពីប្រហែលឆ្នាំ៥៧០មុនគ.ស រហូតដល់ប្រហែលឆ្នំា ៤៩៧មុនគ.ស។ លោកមានទេពកោសល្យច្រើនផ្នែក ហើយទេពកោសល្យលេចធ្លោមួយរបស់លោកនៅក្នុងគណិតវិទ្យាដែលសិស្សរៀនសព្វថ្ងៃគឺ ទ្រឹស្តីបទពីតាហ្គ័រ ដែលអះអាងថា « ការ៉េនៃអ៊ីប៉ូតេ នុស ស្មើនិងផលបូកការ៉េនៃជ្រុងពីរទៀត » ។ គឺរូបលោកដែលបានដាក់ចេញគំនិត « ការ៉េ » និង « ត្រីគុណ » នៃចំនួនមួយដើម្បីឲ្យគេយកទស្សនាទានរេខាគណិត ទៅប្រើក្នុងគណិត   សាស្រ្ត។
លោកជាមនុស្សដែលគេគិតថាបានប្រឌិតបង្កើតពាក្យ ទស្សនវិជ្ជា និងជាមនុស្សតំបូង គេដែលប្រើពាក្យ លោកធាតុ ចំពោះសកលលោកហើយឥទ្ធិពលផ្ទាល់របស់លោកមានតមក អស់រយះពេលច្រើនជំនាន់។ លោកជាកំពូលអ្នករិះគិតដំបូងដែលបានធ្វើឲ្យគណិតវិទ្យាមានសម្ព័ន្ធជាមួយទស្សនវិជ្ជា។
          ពីតាហ្គ័របានបង្កើតចំនួនលេខមុនគេក្រោយការរកឃើញថាទំនាក់ទំនងរវាងសម្លេង   តន្រ្តីអាចបង្ហាញជាអនុបាត។ ក្នុងចំនោមការស៊ើបអង្កេតគណិតសាស្រ្តល្អិតល្អន់បំផុតរបស់ពួកដើរតាមពីតាហ្គ័រគឺការសិក្សាអំពីលេខគត់ និងសេសព្រមទាំងចំនួនគត់និងការ៉េ។ ចេញពីគោលគំនិតនេះ ពួកគេបានអភិវឌ្ឍន៏ទស្សនាទានលេខដែលសំរាប់ពួកគេ វាជាគោលការណ៏ផ្តាច់ព្រ័ត្រនៃរាល់សមាមាត្រលំដាប់និងភាពសុខដុមនៅក្នុងសកលលោក។ តាមរយះការសិក្សាដូច្នេះពួកគេបានបង្កើតមូលដ្ឋានវិទ្យាសាស្រ្តមួយសំរាប់គណិតសាស្រ្ត។ ក្នុងរេខា        គណិតរបកគំហើញធំបំផុតរបស់សាលានេះគឺ ទ្រឹស្តីអ៊ីប៉ូតេនុស ឬទ្រឹស្តីបទពីតាហ្គ័រ។
          ខាងតារាសាស្រ្ត ពួកដើរតាមពីតាហ្គ័របានបង្កើតការឈានមុខដ៏សំខាន់មួយទាក់ទងនឹងការគិតបែបវិទ្យាសាស្ត្រនាសម័យបុរាណនោះ។ ពួកគេជាអ្នកគិតដំបូងគេដែលថាផែនដីមានរាងមូលវិលជាមួយភពដទៃជុំវិញភ្លើង (ព្រះអាទិត្យ)ដែលស្ថិតនៅចំកណ្តាល។
« ដកស្រង់ចេញពីសៀវភៅ ទស្សនវិជ្ជាពិភពលោក ដោយ កែវ សំណាង ឆ្នាំ២០០៧ »